中华人民共和国驻柬埔寨王国大使馆经济商务处

Economic and Commercial Office of the Embassy of the People's Republic of China in the Kingdom of Cambodia

首页>中柬合作>援助与培训

来源: 类型:

2019年“我的中国故事”征文比赛获奖作品选登之三

MyChinese story

និស្ស័យខ្ញុំ និងចិន

 

កំណាព្យបុរាណចិនមួយបានពោលថា“ទោះខ្ញុំទើបជួបអ្នកលើកទីមួយប៉ុន្តែអារម្មណ៍យើងស្និទ្ធសា្នលប្រៀបដូចជាសាច់ញាតិនឹងគ្នា”។ កំណាព្យមួយឃ្លានេះប្រើសម្រាប់ពណ៌នាអំពីនិស្ស័យខ្ញុំ និងប្រទេសចិនពិតជាស័ក្តិសមខ្លាំងណាស់។ ជាក់ស្ដែងកាលពីឆ្នាំ២០១៦ ក្រោមបរិបទមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា ប្រទេសកំណើតខ្ញុំ និងចិនខ្ញុំមានឱកាសកម្រដ៏ប្រពៃដោយទទួលបានអាហារូបករណ៍ពីកម្មវិធីជំនួយបណ្តុះបណ្តាលបរទេសរបស់ចិន ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត រដ្ឋបាលសាធារណៈនៅសាកលវិទ្យាល័យ ឈីងហ័រ (Tsinghua University) រដ្ឋធានីប៉េកាំង។នេះជាលើកដំបូងក្នុងឆាកជីវិតដែលខ្ញុំបានឈានជើងចូលទឹកដីមហាសាលនេះ ហើយអ្វីដែលនាំឲ្យខ្ញុំភ្ញាក់ផ្អើលនិងចាប់អារម្មណ៍បំផុត គឺជីវភាពរស់នៅ និងមុខមាត់ពិតរបស់ចិនដែលមានសភាពខុសប្លែកអំពីអ្វីដែលខ្ញុំធ្លាប់ដឹងឮ និងស្ទើរតែខុសស្រឡះអំពីទស្សនៈរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួនដោយចិនបានអភិវឌ្ឍដល់ចំណុចនឹកស្មានមិនដល់ទាំងផ្នែកសេដ្ឋកិច្ច បច្ចេកវិទ្យាប្រព័ន្ធអប់រំ ។ល។ មិនតែប៉ុណ្ណោះ ប្រជាជនចិនមានសេរីភាពគ្រប់គ្រាន់ក្នុងការរស់នៅប្រកបរបរ ធ្វើអាជីវកម្ម ជាពិសេសខ្ញុំមើលឃើញថា ជនជាតិចិនពិតជាបើកចំហរចង់បង្កើតមិត្តដោយស្មោះស័្មគ្រជាមួយគ្រប់ជាតិសាសន៍ដែលនេះនាំឲ្យខ្ញុំមានអារម្មណ៍ស្និទ្ធស្នាលប្រៀបដូចស្រុកកំណើតខ្លួនដូច្នេះដែរ។

      បទពិសោធន៍រយៈពេល ២ឆ្នាំនាំមកនូវអនុស្សាវរីយ៍មានតម្លៃជាច្រើនសម្រាប់ខ្ញុំ។អំឡុងពេលទំនេរពីការសិក្សានៅទីនោះ ខ្ញុំបានធ្វើដំណើរទៅ ១៨ ខេត្ត-ក្រុងទូទាំងចិនដើម្បីសិក្សាស្វែងយល់កាន់តែច្បាស់អំពីភាពរីកចម្រើន សក្ដានុពលសេដ្ឋកិច្ចនិងវប្បធម៌ប្រពៃណីយ៉ាងសំបូរបែបរបស់ចិន។ ក្នុងនោះដែរ រឿងរ៉ាវដែលដក់ជាប់ក្នុងអារម្មណ៍ខ្ញុំជានិច្ចកាលគឺដំណើរកំសាន្តកម្មសិក្សារយៈពេលខ្លីដែលសហការរៀបចំដោយសាកលវិទ្យាល័យ ឈីងហ័រសាកលវិទ្យាល័យ Harvard និងសម្ព័ន្ធយុវជនបក្សកម្មុយនីស្តចិនខេត្ត Zhejiangកាលពីឆ្នាំ២០១៧។ កម្មវិធីនេះ មានឈ្មោះថា “យុវជនឆ្នើមពិភពលោកដើរចូលទីក្រុង Jinhua”ឬជាភាសាអង់គ្លេស “World Outstanding Youth: Jinhua Summer Practice”ដែលមានសិក្ខាកាមជានិស្សិតបរទេសមកពី ៩ ប្រទេស សរុបទាំងអស់ចំនួន ២០រូប។ ក្នុងរយៈពេលជាង ២ សប្ដាហ៍ ខ្ញុំនិងសិក្ខាកាមផ្សេងទៀតបានចុះសិក្សាស្វែងយល់ផ្ទាល់អំពីភូមិឃុំប្រកបដោយលក្ខណៈពិសេសរបស់ចិនតំបន់ពាណិជ្ជកម្មអេឡិចត្រូនិច និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ទីក្រុង Jinhuaរួមជាមួយកម្មវិធីស្វែងយល់ពីវប្បធម៌ប្រពៃណីតាមរយៈមេរៀនក្បាច់គុណបុរាណចិនរបៀបធ្វើអាហារសម្រន់ប្រពៃណី។ល។ ទាំងអស់នេះបានធ្វើឲ្យខ្ញុំទទួលបានចំណេះដឹងនិងមានមនោសញ្ចេតនាកាន់តែជ្រាលជ្រៅចំពោះភាពទាក់ទាញនៃវប្បធម៌ប្រពៃណីនិងប្រវត្តិសាស្រ្តល្អចំណានរបស់ចិន។ ទីក្រុង Jinhua មានរដ្ឋបាលដែលផ្តល់សេវាសាធារណៈល្អប្រសើរផែនការអភិវឌ្ឍន៍ និងវិធីសាស្រ្តទាក់ទាញការវិនិយោគយន្តការលើកទឹកចិត្តយុវជនបង្កើតមុខរបរថ្មីៗនិងយុទ្ធនាការប្រឆាំងអំពើពុករលួយយ៉ាងមានប្រសិទ្ធភាពដែលជាមេរៀនយ៉ាងកម្រសម្រាប់ខ្ញុំដើម្បីសិក្សាដកពិសោធន៍យកទៅអភិវឌ្ឍស្រុកកំណើតខ្ញុំនាថ្ងៃមុខ។ខ្ញុំជឿជាក់ថា ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងគ្រប់ជ្រុងជ្រោយនៃបក្សកម្មុយនីស្តចិនដែលមានលោកប្រធានាធិបតី XiJinping ជាស្នូល ពិតជានឹងនាំមកនូវភាពសុខដុមរមនានិងភាពសម្បូរសប្បាយជូនប្រជាជនចិនទាំងមូលជាក់ជាមិនខាន។  

សុភាសិតចិនមួយឃ្លាពោលថា“មនុស្សរួមដំណើរបីនាក់គង់តែមានម្នាក់នឹងក្លាយជាគ្រូខ្ញុំ” ។នៅក្នុងដំណើរទាំងការសិក្សា និងការរស់នៅរយៈពេល ២ ឆ្នាំនេះ ខ្ញុំបានជួប រាប់អាននិងរៀនសូត្រពីមនុស្សជាច្រើនទាំងមិត្តភក្តិជនជាតិចិន និងជនបរទេសផ្សេងទៀតដែលនេះនាំឲ្យខ្ញុំនឹកគិតអំពីអន្តរភាវូបនីយកម្មក្នុងបរិបទប្រទេសចិនសព្វថ្ងៃដែលចម្រុះដោយធនធានមនុស្សប្រកបដោយសមត្ថភាព និងបទពិសោធន៍ល្អជាច្រើន។វប្បធម៌នៃការប្រាស្រ័យទាក់ទងនេះ ជួយខ្ញុំឲ្យស្គាល់ពិភពលោកកាន់តែទូលំទូលាយនាំគំនិតត្រិះរិះពិចារណារបស់ខ្ញុំឆ្ពោះទៅរកចក្ខុវិស័យវែងឆ្ងាយដែលជាទុនមិនអាចកាត់ថ្លៃ និងខ្វះបានក្នុងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួននិងបានផ្ដល់ប្រយោជន៍ដល់ខ្ញុំទាំងក្នុងកិច្ចការងារបច្ចុប្បន្ន និងថ្ងៃអនាគត។ យ៉ាងណាមិញ“គ្មានការជួបជុំណាមួយដែលមិនបែកគ្នានោះទេ” ការសិក្សាថ្នាក់អនុបណ្ឌិតខ្ញុំត្រូវបានបញ្ចប់នៅឆ្នាំ២០១៨ ប៉ុន្តែវាមិនមែនជាទីបញ្ចប់នៃសាច់រឿងរវាងខ្ញុំ និងប្រទេសចិនជាមួយជនជាតិចិនឡើយ។ នៅពាក់កណ្តាលឆ្នាំ២០១៧ ខ្ញុំ និងក្រុមការងារបានខិតខំប្រឹងប្រែងបង្កើតជា“សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន”ដើម្បីផ្ដល់ជាវេទិកាប្រឹក្សា និងសម្របសម្រួលជូនសិស្សនិស្សិតកម្ពុជា ក្នុងគោលបំណងដើម្បីទទួលបានឱកាសអាហារូបករណ៍កាន់តែច្រើននិងប្រកបដោយប្រសិទ្ធភាព ព្រមទាំងដើរតួនាទីជាស្ពានក្នុងទំនាក់ទំនងរវាងនិស្សិតខ្មែរទូទាំងប្រទេសចិននិងរវាងនិស្សិតខ្មែរ និងនិស្សិតចិននិងនិស្សិតបរទេសផ្សេងទៀតផងដែរ។ ក្នុងនាមជាស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមនេះខ្ញុំនៅតែបន្តខិតខំធ្វើឱ្យវេទិកានេះដំណើរការជាស្ពានមិត្តភាពសម្រាប់យុវជនបានយ៉ាងគាប់ប្រសើរក្នុងក្តីសង្ឃឹមរឹតចំណងនិស្ស័យរវាងខ្ញុំ និងចិនឲ្យនៅបន្ត និងកាន់តែស្និទ្ធស្នាល។ 

តាមប្រសាសន៍លោកប្រធានាធិបតីXi Jinping លើកឡើងថា “កម្ពុជា និងចិនគឺជាមិត្តដែកថែបនឹងគ្នា”។ បច្ចុប្បន្នទំនាក់ទំនងប្រពៃណីរវាងប្រទេសទាំងពីរបាននិងកំពុងស្ថិតក្នុងដំណាក់កាលខ្ពស់មួយនៃប្រវត្តិសាស្រ្តហើយនឹងបន្តវិវត្តន៍ទៅមុខជាបន្តបន្ទាប់។កូនឈើមិត្តភាពផ្ដល់កំណើតដោយសម្ដេចព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុនៗ សព្វថ្ងៃបានរីកលូតលាស់ជាដើមឈើពេញវ័យដែលមានឫសរឹងមាំ និងមែកធាងល្អប្រពៃណាស់។ ទំនុកចិត្តផ្នែកនយោបាយកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងស្អិតរមួតនៃប្រជាជាតិទាំងពីរគឺជាសមិទ្ធផលផ្លែផ្កាដែលកើតមានតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំបច្ចុប្បន្ននៃប្រទេសទាំងពីរហើយនឹងនាំមកនូវផលប្រយោជន៍ជាក់ស្ដែងកាន់តែច្រើនជូនដល់ប្រជាពលរដ្ឋទាំងពីរប្រទេស។តាមរយៈកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកិច្ចសហការក្នុងវិស័យប្រឆាំងអំពើពុករលួយបានក្លាយជាប្រធានបទសំខាន់ដែលមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ ដូច្នេះក្នុងនាមជាមន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយខ្ញុំរឹតតែមានភាពចាំបាច់ក្នុងការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយចិនក្នុងន័យបន្តផ្លាស់ប្ដូរបទពិសោធន៍ និងសិក្សាទៅវិញទៅមកដើម្បីកិច្ចអភិវឌ្ឍនិងភាពជោគជ័យរួមនៃប្រទេសទាំងពីរ។

 

 

                                    Mr.HengChenhak ហេង ជិនហាក់

                                   អង្គភាពប្រឆាំងអំពើពុករលួយ

 

អត្ថបទនេះមកពីការប្រកួតប្រជែងអត្ថបទអំព“រឿងព្រេងប្រទេសចិនរបស់ខ្ញុំ”ដែលរៀបចំដោយការិយាល័យទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា។